កោះកុង៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅតំបន់ទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច អាយុ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកឈ្មោះ ឆាយ ចន្ធី អាយុ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ម្ដាយឈ្មោះ ជួង ទុំ អាយុ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ។
ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកម្សាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំណុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកម្សាន្តនៅទឹកជ្រោះតាតៃ ហើយក៏ជួបឧបទ្ទវហេតុនេះតែម្តង។ ក្រោយពីបាត់ខ្លួន កម្លាំងសមត្ថកិច្ច សហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង៣និង៣នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅចំណុចទីតាំងកើតហេតុខាងលើ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕